Thursday, April 21, 2011

តស៊ូយើងរស់ !

ខ្មែរ​ជិត​ដាច់​ពូជ

ដោយ ហាស់ សាន

2011-04-20

បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន​រស់​នៅ​បស្ចិម​ប្រទេស​បាន​ស្រាវជ្រាវ​ឃើញ និង​សរសេរ​ថា ខ្មែរ​ជា​ប្រជា​ជាតិ​មួយ​ជិត​ដាច់​ពូជ ឬ​ផុត​ពូជ​ទៅ​ហើយ។


Photo courtesy of http://preynokornews.blogspot.com

ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧

ពួក​គេ​សំអាង​លើ​កត្តា​ជាក់​ស្ដែង​មួយ​ចំនួន ប៉ុន្តែ​ពុំ​មាន​នរណា​ហ៊ាន​និយាយ​ចំៗ ដោយ​សារ​មូល​ហេតុ​ផ្សេងៗ សម្រាប់​ខ្លួន​គេ​ផ្ទាល់។

តើ​បញ្ញវន្ត​ខ្មែរ សញ្ជាតិ និង​ជា​ពល​រដ្ឋ​អាមេរិកាំង​សំអាង​លើ​កត្តា​អ្វី​ខ្លះ? ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន លោក ហាស់ សាន មាន​សេចក្ដី​រាយ​ការណ៍​សង្ខេប​មួយ ទាក់​ទិន​អត្ថបទ​របស់​បណ្ឌិត អតីត​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​មួយ​នៅ ស.រ.អា. ដែល​នឹង​បង្ហាញ​ជូន​កិច្ច​ប្រជុំ​នៅ​ប្រទេស​បារាំង​ក្នុង​ខែ​ក្រោយ​នេះ។

អ្វី​ដែល​អតីត​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច បណ្ឌិត ទិត ណារញ្ញគិរី សរសេរ​សម្រាប់​ធ្វើ​បាឋកថា​នៅ​ប្រទេស​បារាំង នា​ខែ​ឧសភា ឆ្នាំ​២០១១ នេះ ប្រហែល​ជា​មាន​ពល​រដ្ឋ​ខ្មែរ​ខ្លះ​គិត​ថា លោក​សរសេរ​នោះ ហាក់​ដូច​ជា​មិន​ស្គាល់​ស្រុក​ខ្មែរ​ច្បាស់​នោះ​ឡើយ ឬ​មួយ​ជា​ការ​សរសេរ​ប្រមាថ​មើល​ងាយ​ដល់​ជាតិ​សាសន៍​របស់​ខ្លួន។ ការ​សរសេរ​ឆ្លុះ​បញ្ចាំង​ក្នុង​នាម​លោក​ជា​ខ្មែរ សិក្សា និង​រស់​នៅ​បរទេស បង្ហាញ​នូវ​ការ​បារម្ភ​របស់​លោក​ចំពោះ​អនាគត​ប្រជា​ជាតិ​ខ្មែរ ក្នុង​នាម​ជា​ជាតិ​សាសន៍​មួយ ដែល​ចាញ់​ប្រៀប​បរទេស​ជិត​ខាង​គ្រប់​សម័យ​កាល។ បណ្ឌិត ទិត ណារញ្ញគិរី ធ្លាប់​បង្រៀន​នៅ​សកល​វិទ្យាល័យ Johns Hopkins និង​ធ្លាប់​បម្រើ​ការ​ងារ​នៅ​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ IMF ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ស.រ.អា.។

មិន​ស្គាល់​យុទ្ធសាស្ត្រ​វៀតណាម និង​សម្បូរ​បញ្ហា​ផ្ទៃ​ក្នុង

បណ្ឌិត ទិត ណារញ្ញគិរី (Naranhkiri Tith) បាន​លើក​ហេតុ​ផល​មួយ​ចំនួន ដែល​ធ្វើ​កម្ពុជា​រស់​នៅ​ក្រោម​ឥទ្ធិពល​ប្រទេស​វៀតណាម​ដោយ​ចៀស​មិន​រួច មាន​ដូច​ជា ខ្មែរ​មើល​យុទ្ធសាស្ត្រ​វៀតណាម​មិន​យល់​ជម្រៅ, វៀតណាម​មាន​របៀប​របប មាន​វិន័យ ចេះ​រៀបចំ​អង្គការ​គ្រប់គ្រង ហើយ​មើល​ឆ្ងាយ​ទៅ​មុខ យូរ​អង្វែង ជា​ដើម។ រី​ឯ​ខ្មែរ​វិញ សំបូរ​បច្ចាមិត្ត​ផ្ទៃ​ក្នុង, សង្គម​ទន់​ខ្សោយ ហើយ​មិន​ចេះ​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ទាន់​ពេល​វេលា។

ក្រៅ​ពី​នេះ លោក​ថា មាន​កត្តា​ព្រះ​មហា​ក្សត្រ ដែល​មាន​តួ​នាទី​ធ្ងន់ធ្ងរ និង​គ្រោះ​ថ្នាក់​ឲ្យ​សង្គម​មួយ​ផ្ដាច់​ការ, គ្មាន​ការ​ទទួល​ខុស​ត្រូវ, អសីលធម៌, មិន​ខ្វល់​នឹង​អ្នក​ដទៃ ហើយ​មាន​លក្ខណៈ​ដឹក​នាំ ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង។ របៀប​គ្រប់គ្រង​រដ្ឋបាល​ខ្មែរ សម្បូរ​ដោយ​អ្នក​ធំ​នៅ​ខាង​លើ តែ​ខ្សត់​អ្នក​តូច​នៅ​ខាង​ក្រោម។ ច្បាប់​រក​យុត្តិធម៌​ចែង​មិន​ច្បាស់ អ្នក​ធំ​ថា​យ៉ាង​ណា​ក៏​បាន ដរាប​ណា​មិន​ប្រមាថ​ស្ដេច។ ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង ខ្មែរ​មិន​ដែល​ចែង​ច្បាស់​ទេ។ ការ​ដំឡើង​បុណ្យ​សក្ដិ​មិន​យោង​ទៅ​តាម​សមត្ថភាព ចំណេះ​ដឹង​របស់​មនុស្ស​ទេ តែ​ធ្វើ​តាម​វង្ស​ត្រកូល សែស្រឡាយ បក្ស​ពួក និង​ការ​បញ្ចើចបញ្ចើ បញ្ជោរ សរសើរ​គ្នា ឲ្យ​អ្នក​ធំ​ចាប់​អារម្មណ៍។ លក្ខណៈ​ទាំង​អស់​នេះ វៀតណាម​អនុវត្ត​ខុស​ពី​ខ្មែរ​ទាំង​ស្រុង។

កាច​សហាវ មិន​ជឿនលឿន

បណ្ឌិត ទិត ណារញ្ញគិរី បាន​ស្រង់​សំដី​អ្នក​និពន្ធ​វៀតណាម ដូច​ជា ង្វៀង ធេ អាន់ (Nguyen The Anh) ដែល​គេ​ចាត់​ទុក​ខ្មែរ ជា​ជាតិ​សាសន៍​មិន​ជឿន​លឿន កាច​សហាវ (barbarians) បញ្ញវន្ត​ចិន​ឈ្មោះ យ៉ាង បាវ​យុន (Yang Bao Yun) និង អ្នក​និពន្ធ​បារាំង Jean de la Croix ចិន​ហៅ​ថា ជោអាវ ដាគ្រុស (Joao da Cruz) ដែល​គេ​សរសេរ​អំពី​ដំណើរ​ពង្រីក​ទឹក​ដី​នៃ​អធិរាជ​អាណាម ឈ្មោះ ង្វៀង (Nguyen) តាំង​ពី​ឆ្នាំ​១៦៧០ មក​ម្ល៉េះ ដែល​គេ​ឃើញ​អាណា​ចក្រ​ចម្ប៉ា​រង​គ្រោះ​មុន​គេ។ ការ​បាត់​បង់​អធិបតេយ្យ​ភាព​ជាតិ ក្នុង​សតវត្ស​ក្រោយៗ​មក បណ្ឌិត ទិត ណារញ្ញគិរី បាន​លើក​ឧទាហរណ៍​មួយ​ចំនួន ដែល​លោក​មើល​ឃើញ​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​ញាក់​ខ្សែ​មិន​ចេញ​មុខ​ពី​ចក្រពត្តិ​និយម និង​កុម្មុយនិស្ត​និយម​វៀតណាម ដោយ​សារ​ការ​គាំទ្រ​ពី​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទី​១ សម្ពន្ធភាព​ដ៏​ជិត​ស្និទ្ធ​រវាង​អតីត​ព្រះ​រាជា និង​វៀតណាម​ខាង​ជើង, ទី​២ សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​ខ្មែរ​ក្រហម ហើយ​និង​សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​លោក ហ៊ុន សែន។

បណ្ឌិត ទិត ណារញ្ញគិរី សន្និដ្ឋាន​ថា ចាប់​តាំង​ពី​ថ្ងៃ​វៀតណាម​វាយ​លុក​ចូល​កាន់​កាប់​កម្ពុជា ដើម្បី​រំលំ​របប​ខ្មែរ​ក្រហម រដ្ឋការ​ក្រុង​ហាណូយ​បាន​ព្យាយាម​គ្រប់​រូប​ភាព ដើម្បី​អនុវត្ត​គោលការណ៍​នយោបាយ ដែល​អង់គ្លេស​ហៅ​ថា ethnicide ethnocide ដែល​មាន​ន័យ​ថា ការ​សម្លាប់​ជាតិ​សាសន៍​មួយ​ដោយ​រំលាយ​វប្បធម៌៕











រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​ពណ៌នា​ថា ឥត​មារយាទ

ដោយ ហាស់ សាន

2011-04-19

ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជាង​ពីរ​ទសវត្ស​កន្លង​មក​នេះ បាន​ទទួល​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​អន្តរ​ជាតិ​ស្ទើរ​រៀង​រាល់​ឆ្នាំ។


Photo: RFA

សៀវភៅ ប្រទេច​ផ្ដាសា​របស់​កម្ពុជា (Cambodia's Curse) របស់​អ្នក​និពន្ធ ជោ ប្រិនគ្លេយ៍ (Joel Brinkley) លក់​នៅ​គេហទំព័រ​អាម៉ាហ្សូន (Amazon)

សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​នៃ​សកល​វិទ្យាល័យ Stanford នៅ ស.រ.អា. លោក Joel Brinkley និង​ជា​អ្នក​និពន្ធ​សៀវភៅ​អំពី​កម្ពុជា ដែល​មាន​ចំណង​ជើង​ថា បណ្ដាសា​កម្ពុជា ប្រវត្តិសាស្ត្រ​យុគ​សម័យ​ទំនើប​នៃ​ទឹក​ដី​មួយ​មាន​បញ្ហា បាន​សរសេរ​អត្ថបទ​មួយ ដែល​កាសែត​អាមេរិកាំង​ឈ្មោះ The Washington Post បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៧ មេសា បន្ទោស​ប្រទេស ស្ថាប័ន និង​អង្គការ​នានា ដែល​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ ថា​អ្នក​ទាំង​នោះ​បាន​ដឹង​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​លួច​លុយ​របស់​គេ​ខ្លះ ប៉ុន្តែ​ថា​រឿង​ហ្នឹង មាន​ខុស​អ្វី បើ​ភាគ​ច្រើន​គេ​អាច​ធ្វើ​អ្វីៗ​តាម​គម្រោង​របស់​គេ តាម​ចិត្ត​គេ​ចង់​ធ្វើ ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​អ្វី​ទេ​នោះ។

អត្ថបទ​សរសេរ​ដោយ​អ្នក​កាសែត​មួយ​រូប មាន​ឈ្មោះ​ល្បី​រហូត​ដល់​ធ្លាប់​បាន​ទទួល​រង្វាន់ Pulitzer នៅ​ពេល​លោក​ធ្វើ​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឲ្យ​កាសែត The New York Times ដែល​ថា ជំនួយ​មក​កម្ពុជា​កម្រ​ធ្លាក់​ដល់​ដៃ​ប្រជា​ពល​រដ្ឋ​ត្រូវ​ជួយ​នោះ បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ខ្លះៗ​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល ដែល​មាន​បេសកកម្ម​ប្រស្រ័យ​នឹង​ម្ចាស់​ជំនួយ។ លោក គាត់ ឈន់ ទេស​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អធិប្បាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ មេសា ថា​អ្នក​សរសេរ​នោះ និយាយ​មិន​ដឹង​អ្វី​ទាល់​តែ​សោះ ៖ "...អ្នក​និយាយ​នោះ មិន​ដឹង​អី​ទេ…"

តើ​សាស្ត្រាចារ្យ Joel Brinkleyនិយាយ​អំពី​អ្វី​ខ្លះ ដែល​ថា​លោក​និយាយ​ដូច​ជា​មិន​ដែល​ស្គាល់​ស្រុក​ខ្មែរ​នោះ?

លោក​ផ្ដើម​សេចក្ដី​ដោយ​សរសេរ​ថា តំណាង​រដ្ឋាភិបាល និង​អង្គការ​ផ្ដល់​ជំនួយ​ជាង ៣​ពាន់​នាក់ នឹង​ជួប​ប្រជុំ​នៅ​ភ្នំពេញ នា​ថ្ងៃ​ពុធ ទី​២០ មេសា សប្ដាហ៍​នេះ ហើយ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​គួរ​តែ​នៅ​ផ្ទះ​វិញ​ប្រសើរ​ជាង។ លោក​ថា រៀង​រាល់​ឆ្នាំ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សន្យា​កែ​ទម្រង់, ម្ចាស់​ជំនួយ​ងក់​ក្បាល​ទទួល​យក ហើយ​ឲ្យ​លុយ​ជំនួយ។ កាល​ពី​ឆ្នាំ​២០១០ កម្ពុជា​បាន​ទទួល​ការ​ប្ដេជ្ញា​ផ្ដល់​ចំនួន ១​ពាន់ ១​រយ​លាន​ដុល្លារ។ បន្ទាប់​មក ម្ចាស់​ជំនួយ​និមួយៗ វិល​ទៅ​ស្រុក​វិញ ហើយ​គ្មាន​អ្វី​កែ​ប្រែ​ទេ។ ច្រើន​ខែ​ក្រោយ​មក មន្ត្រី​រាជ​រដ្ឋាភិបាល លូក​ដៃ​ចូល​ក្នុង​គណនេយ្យ​ជំនួយ​បរទេស សង់​ផ្ទះ​សម្រាប់​ខ្លួន​ឯង​ធំ​ដូច​សណ្ឋាគារ​ធុន​តូច ក្នុង​ពេល​ដែល​កុមារ​ខ្មែរ ៤០%​មិន​រីក​ធំ​ធាត់​ដោយ​ខ្វះ​សារធាតុ​បំប៉ន​រាង​កាយ កាល​ពី​នៅ​ទារក​នោះ។ វេជ្ជបណ្ឌិត​ជន​ជាតិ​ស្វីស Beat Richner បាន​ហៅ​មរណភាព​នៃ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដោយ​សារ​គ្មាន​អនាម័យ​ថា​ជា​ការ​ប្រល័យ​ពូជ​សាសន៍​ដោយ​មិន​លេច​មុខ (passive genocide)

លោក Joel Brinkley ពណ៌នា​ថា មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​រឿង​ថា ពល​រដ្ឋ​កម្ពុជា​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ដែល​លក់​ផល​ស្រូវ​រាល់​ឆ្នាំ ហើយ​យក​លុយ​ដាក់​ហោ​ប៉ៅ​នោះ​ទេ។ គេ​មិន​បាន​ដឹង​រឿង​ថា​រដ្ឋាភិបាល​បណ្ដេញ​ពល​រដ្ឋ​រាប់​ពាន់​នាក់​ចេញ​ពី​ផ្ទះ​សម្បែង ដុត​ផ្ទះ​សម្បែង រួច​យក​ប្រជា​ពល​រដ្ឋ​ទៅ​ចាក់​ចោល​កណ្ដាល​វាល​ស្រែ ហើយ​លក់​ដីធ្លី​ឲ្យ​ក្រុមហ៊ុន​សំណង់​នោះ​ឡើយ។ លោក​ថា រដ្ឋាភិបាល​ដែល​មាន​មនុស្ស​កើប​សម្បត្តិ​ទ្រព្យ​យក​ផ្ទាល់​ខ្លួន ក្នុង​ពេល​ដែល​ពល​រដ្ឋ​ម្នាក់ៗ រក​បាន​ចំណូល​ជា​មធ្យម​ត្រឹម ៦៥០​ដុល្លារ ស.រ.អា. ក្នុង​មួយ​ឆ្នាំ។

អ៊ិន សំរិទ្ធី មន្ត្រី​បម្រើ​ការ​ក្នុង​ក្រុម​អង្គការ​ផ្ដល់​ជំនួយ​មួយ អះអាង​ថា ជា​ការ​ប្រសើរ​ហើយ បើ​មាន​ជំនួយ​ខ្លះៗ បាន​ដល់​ដៃ​ប្រជា​ពល​រដ្ឋ​ក្រីក្រ ព្រោះ​វា​ប្រសើរ​ជាង​គ្មាន​អ្វី​សោះ។

លោក Joel Brinkley បន្ត​ថា ខណៈ​រដ្ឋាភិបាល​ធ្វើ​ច្បាប់​តម្រូវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចុះ​ឈ្មោះ​រាយ​ការណ៍​ឲ្យ​រដ្ឋាភិបាល​នូវ​សកម្មភាព​របស់​ខ្លួន​នោះ ដែល​នឹង​ផ្ដល់​ឱកាស​ឲ្យ​មន្ត្រី​ចាំ​ស៊ី​សំណូក គំរាម​បិទ​ទ្វារ បើ​អង្គការ​ទាំង​នោះ​មិន​ចេះ​បញ្ជោរ​បញ្ចើចបញ្ចើ អែបអប (រក​ប្រយោជន៍​ផ្ទាល់​ខ្លួន) ទេ​នោះ តើ​ម្ចាស់​ជំនួយ​គិត​ថា ល្មម​ដល់​ពេល​ចាប់​ផ្ដើម​ប្រកាន់​ជំហរ​របស់​ខ្លួន​ហើយ ឬ​នៅ បើ​មក​ទល់​ពេល​នេះ​ពល​រដ្ឋ​ខ្មែរ ៨០% រស់​នៅ​ជន​បទ មិន​ទាន់​មាន​ភ្លើង​អគ្គិសនី ទឹក​ស្អាត បង្គន់ សេវា​ទូរស័ព្ទ​នៅ​ឡើយ​នោះ៕









ប្រទេស​កម្ពុជា​មាន​ការ​ប្រែប្រួល​តិចតួច

ដោយ យន់ សាមៀន

2011-04-18

សៀវភៅ​មាន​ចំណង​ជើង "ប្រទេច​ផ្ដាសា​របស់​កម្ពុជា" បាន​កត់​សំគាល់​ថា ស្ថានភាព​ប្រទេស​កម្ពុជា​គ្មាន​ការ​ប្រែប្រួល និង​រីក​ចំរើន​ច្រើន បើ​ប្រៀបធៀប​និង​ទសវត្សរ៍​ឆ្នាំ​១៩១០។


Photo: RFA

វាល​ស្រែ​កំពុង​រង់ចាំ​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពង់ឆ្នាំង

សំណួរ​ក្នុង​សៀវភៅ​ទើប​ចេញ​ផ្សាយ​មាន​ចំណង​ជើង​ថា "ប្រទេច​ផ្ដាសា​របស់​កម្ពុជា" បាន​លើក​ឡើង​ថា តើ​កម្ពុជា​ជា​ប្រទេស​អន់​បំផុត​ក្នុង​ពិភព​លោក​ឬ? ចម្លើយ​គឺ កម្ពុជា​ជា​កន្លែង​ប្រកប​ដោយ​ការ​ប្រណាំង​ប្រជែង​គ្នា។ ចំណូល​ប្រជា​ពល​រដ្ឋ​តិច​ជាង​ពល​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ខណៈ​ពេល​ដែល​កុមារ​ខ្មែរ​មួយ​ចំនួន​ទទួល​ការ​សិក្សា​តែ​ពី​ពីរ​ទៅ​បី​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ឯ​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​លក្ខណៈ​អន់​ថយ ដែល​អាច​អនុញ្ញាត​ឲ្យ​កសិករ​ធ្វើ​ស្រែ​បាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ នៅ​ពេល​ដែល​ប្រទេស​ជិត​ខាង​ធ្វើ​ស្រែ​បាន​ទៅ​ដល់​ពីរ ឬ​បី​ដង​ក្នុង​មួយ​ឆ្នាំ​ៗ។

លោក ជោ ប្រិនគ្លេយ៍ (Joel Brinkley) អតីត​អ្នក​កាសែត​ញីវយ៉ក​ថាមស៍ (New York Times) និង​ជា​អ្នក​ទទួល​បាន​រង្វាន់​ឯក​ផ្នែក​សរសេរ​កាសែត​ឈ្មោះ​ថា Pulitzer Prize ក្នុង​ឆ្នាំ​១៩៨០ បាន​រៀប​រាប់​ស្ថាន​ភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ថា ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជា​កសិករ​នៅ​តាម​ជនបទ ដែល​រក​ស៊ី​តាម​រយៈ​ការ​ធ្វើ​ស្រែ​ចម្ការ និង​ចិញ្ចឹម​សត្វ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​ជា​ជាង​ទង។ លោក​ពិពណ៌នា​បន្ថែម​ថា ពល​រដ្ឋ​រស់​នៅ​ក្រៅ​ទីក្រុង​ធំៗ មាន​ជីវភាព និង​ស្ថានភាព​រស់​នៅ​ដូច​ពល​រដ្ឋ​ខ្មែរ​កាល​ពី​សម័យ​អង្គរ ជាង​មួយ​ពាន់​ឆ្នាំ​មុន។ ប៉ុន្តែ​ស្ថានភាព​ពល​រដ្ឋ​សម័យ​នោះ ប្រហែល​ជា​គ្រាន់​បើ​ជាង​ពល​រដ្ឋ​សម័យ​ឥឡូវ។


សៀវភៅ ប្រទេច​ផ្ដាសា​របស់​កម្ពុជា (Cambodia's Curse) របស់​អ្នក​និពន្ធ ជោ ប្រិនគ្លេយ៍ (Joel Brinkley) លក់​នៅ​គេហទំព័រ​អាម៉ាហ្សូន (Amazon)

សៀវភៅ "ប្រទេច​ផ្ដាសា​របស់​កម្ពុជា" ការ​សិក្សា​ប្រវត្តិសាស្ត្រ​ទំនើប​នៃ​ប្រទេស​កម្ពុជា បាន​សរសេរ​ថា ប្រទេស​កម្ពុជា​ជា​កន្លែង​មួយ​ដែល​អាច​ងាយ​ស្រួល​រស់​នៅ ប្រសិន​បើ​ពល​រដ្ឋ​នោះ​ធ្វើ​ការ​ក្នុង​រដ្ឋាភិបាល​កម្ពុជា និង​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។ សៀវភៅ​បន្ត​ថា កម្ពុជា​ជា​ប្រទេស​មួយ​ពុក​រលួយ​បំផុត​ក្នុង​ពិភព​លោក។ លោក ជោ ប្រិនគ្លេយ៍ អះអាង​ថា ប្រាក់​ចំណូល​ពី​ពន្ធដារ និង​ប្រាក់​ជំនួយ​បរទេស​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​គេ​លួច។ កម្ពុជា​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រស់​នៅ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​កាន់​អំណាច។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​វិទ្យុ​សហ​រដ្ឋ​អាមេរិក​មួយ កាល​ពី​ពេល​ថ្មី​នេះ លោក ជោ ប្រិនគ្លេយ៍ ដែល​ធ្លាប់​បាន​ទៅ​យក​ព័ត៌មាន​ព្រឹត្តិការណ៍​នៅ​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ បាន​ឲ្យ​ដឹង​ថា លោក​មាន​ការ​រន្ធត់​ណាស់​ចំពោះ​ស្ថានភាព​កម្ពុជា​ដោយ​សារ​តែ​ស្ថានភាព​កម្ពុជា​គ្មាន​ការ​ប្រសើរ ៣០​ឆ្នាំ ក្រោយ​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ចំណែក​ឯ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​គ្មាន​ការ​ប្រែប្រួល​តាំង​ពី​សម័យ​អង្គរ ៖ "នៅ​ពេល​ខ្ញុំ​ត្រឡប់​ទៅ​កម្ពុជា ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ៣០​ឆ្នាំ កាល​ពី​នៅ ឆ្នាំ​២០០៨ ខ្មុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ប្រែប្រួល​នៃ​ស្ថានភាព​ទំនើប​ទីក្រុង ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ទីក្រុង ខ្ញុំ​ស្វែង​យល់​ថា ស្ថានភាព​រស់​នៅ​ប្រជា​ពល​រដ្ឋ​មាន​លក្ខណៈ​ដូច​កាល​ពី​រាប់​ពាន់​ឆ្នាំ​មុន គឺ​គ្មាន​ភ្លើង​អគ្គិសនី គ្មាន​បង្គន់​អនាម័យ គ្មាន​វិទ្យុ និង​ទូរទស្សន៍។ ប្រជា​ពល​រដ្ឋ​ទាំង​នេះ​គឺ​ក្រោយ ៣០​ឆ្នាំ នៃ​របប​ខ្មែរ​ក្រហម"

សៀវភៅ​ទើប​ចេញ​ផ្សាយ​មាន​ចំណង​ជើង​ថា "ប្រទេច​ផ្ដាសា​របស់​កម្ពុជា" បោះ​ពុម្ព​កាល​ពី​ថ្ងៃ​ទី​១២ មេសា ដោយ​រោង​ពុម្ព Public Affairs មាន​តម្លៃ ១៧​ដុល្លារ។ លោក​អ្នក​អាច​រក​ទិញ​សៀវភៅ​នេះ​បាន​នៅ​តាម​គេហទំព័រ​អាម៉ាហ្សូន (Amazon)

0 Comments:

Post a Comment

<< Home