ចិនផ្តល់ជំនួយយោធាដល់កងទ័ពកម្ពុជា
ព័ត៌មាន បណ្តាញព័ត៌មានតាម RSS
ចិនផ្តល់ជំនួយឯកសណ្ឋានយោធាដល់កងទ័ពកម្ពុជា
រូបថត៖ AP
ចែកចាយអត្ថបទនេះ
បណ្តាញទាក់ទងគ្នា
«ការខ្វះខាតរបស់យើងមិនជាខ្វះអ្វីទេ ប៉ុន្តែយើងត្រូវរកបំពេញបន្ថែម ដើម្បីឱ្យកងទ័ពរបស់យើងប្រើប្រាស់បានទូលំទូលាយបន្តិច»។
ប្រទេសចិនបានផ្តល់អំណោយឯកសណ្ឋានយោធាដល់ក្រសួងការពារជាតិកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ។លោក ស្សាង ជានលីន (Zhang Jianlin) មន្ត្រីអនុព័ន្ធយោធាចិនអមស្ថានទូតចិនប្រចាំកម្ពុជា បានប្រគល់អំណោយទាំងនេះដល់លោកឧត្តមសេនីយ៍ឯក ស៊ុន សំណាង អគ្គនាយកនៃនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងការពារជាតិកម្ពុជា ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ផ្កាយមាសបួន ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជានៅអាកាសយានដ្ឋានយោធាទីក្រុងភ្នំពេញ។ លោកស្សាង ជានលីន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្រសួងការពារប្រទេសចិនបានផ្តល់អំណោយជាសម្លៀកបំពាក់ចំនួន៥០.០០០សម្រាប់ ស្បែកជើងចំនួន៥ម៉ឺនគូ មួក៥ម៉ឺន ខ្សែក្រវ៉ាត់ចំនួន៥ម៉ឺន និងសាំងតែរ៉ុង(ខ្សែពាក់ឈៀង)ចំនួន៥០.០០០ដល់ក្រសួងការពារជាតិកម្ពុជា។
ប្រទេសចិនបានផ្តល់អំណោយជារថយន្តយោធាចំនួន២៥៧គ្រឿង និងសម្លៀកបំពាក់ចំនួន៥ម៉ឺនសម្រាប់ដល់កងទ័ពកម្ពុជានៅក្នុងខែមិថុនាឆ្នាំ២០១០។ ការផ្តល់អំណោយនេះត្រូវបានធ្វើឡើង បន្ទាប់ពីការសន្យារបស់លោក ហ៊ូ ជីនតាវ (Hu Jintao) ប្រធានាធិបតីចិន។
លោក ស្សាង ជានលីន បានថ្លែងថា ក្រសួងការពារប្រទេសចិន សង្ឃឹមថា អំណោយឯកសណ្ឋានទាំងនេះនឹងជួយសម្រាលដល់ការខ្វះខាតរបស់កងទ័ពកម្ពុជា ហើយអំណោយនេះក៏បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់ និងដ៏ល្អរវាងកងទ័ពកម្ពុជា និងកងទ័ពចិន។ លោក ស្សាង ជានលីន បានបន្ថែមថាប្រទេសចិនរីករាយនឹងជួយកងទ័ពកម្ពុជាដើម្បីរិតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាតិទាំងពីរ។
លោក ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា អំណោយសម្លៀកបំពាក់យោធានេះគឺចំពេលដែលប្រទេសកម្ពុជាកំពុងតែខ្វះខាតសម្ភារៈយោធានេះ ហើយប្រទេសកម្ពុជាសង្ឃឹមថា ប្រទេសចិននឹងបន្តជួយដល់កងទ័ពកម្ពុជាបន្ថែមទៀត។ លោកសំផនបញ្ជាក់ថា៖
«ការខ្វះខាតរបស់យើងមិនជាខ្វះអ្វីទេ ប៉ុន្តែយើងត្រូវរកបំពេញបន្ថែម ដើម្បីឱ្យកងទ័ពរបស់យើងប្រើប្រាស់បានទូលំទូលាយបន្តិច»។
លោក ផាន ហ្គ័ងស្ស៊ូ (Pan Guangxue) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានផ្តល់អំណោយសៀវភៅជាភាសាចិនចំនួនជាង២០០ក្បាលដល់រាជបណ្ឌិតសភាកម្ពុជាកាលពីថ្ងៃពុធ។ សៀវភៅទាំងនេះរួមមានវចនានុក្រម សៀវភៅវប្បធម៌ សៀវភៅប្រពៃណី សៀវភៅសេដ្ឋកិច្ច សៀវភៅនយោបាយ សៀវភៅរឿង សៀវភៅវិទ្យាសាស្ត្រ និងសៀវភៅកំណាព្យជាដើម។
លោកឯកអគ្គរដ្ឋទូតចិន សង្ឃឹមថា សៀវភៅទាំងនេះនឹងជួយនិស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ឲ្យយល់ដឹងទូលំទូលាយអំពីប្រទេសចិន។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក វ៉ាន ជីហ្វេ (Wan Jifei) ប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិនបានចុះហត្ថលេខា លើអនុស្សារណៈយោគយល់ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីកាលពីថ្ងៃអង្គារសំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសជាតិទាំងពីរ។
លោក វ៉ាន ជីហ្វេ ជឿថា កម្ពុជានិងចិននឹងអាចសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន២ម៉ឺន៥ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១២៕
0 Comments:
Post a Comment
<< Home