ការឈ្លានពានរបស់ថៃមកលើកម្ពុជា
ប្រាំមួយនាក់ស្លាប់ក្នុងការប្រយុទ្ធគ្នានៅព្រំដែនកម្ពុជាថៃ
រូបថត៖ AP
ចែកចាយអត្ថបទនេះ
បណ្តាញទាក់ទងគ្នា
«...បាញ់ផ្លោងកាំភ្លើងធំមកលើទីតាំងរបស់យើងចម្ងាយជា២០ គីឡូម៉ែត្រមកក្នុងទឹកដីដ៏ជ្រៅលើប្រជាជនទៀត...»
ការប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមកាលពីម៉ោង៦ព្រឹកមិញ ហើយបានបញ្ជប់ទៅវិញនៅម៉ោង ប្រមាណ១២:២០នាទី។ នេះបើយោងទៅតាមប្រភពពីមន្រ្តីយោធានៃប្រទេសទាំងពីរ។
ការប៉ះទង្គិចគ្នា បានចាប់ផ្តើមនៅចំណុចប្រាសាទតាក្របីរបស់ខ្មែរ ហើយបានរីករាលដាលដល់ ចំណុចប្រចាំការរបស់យោធានៅចំណុចប្រាសាទតាមាន់។ ប្រាសាទទាំងពីរជាចំណុចប្រទាញប្រទង់នៃប្រទេសជិតខាងគ្នាទាំងពីរ ។ មន្រ្តីយោធានៃប្រទេសទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបង្កជម្លោះប្រដាប់អាវុធ។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែតនៅក្នុងទីក្រុងភ្នំពេញថាកងទ័ពថៃ បានលួចវាយប្រហារនៅចំណុចប្រចាំការរបស់កងទ័ពខ្មែរនៅក្នុងទឹកដីកម្ពុជា។ លោកថ្លែងដូច្នេះថា៖
«ការពិតនៃការចាប់ផ្តើមនៃការផ្ទុះអាវុធនេះ គឺទាហានថៃបានឆ្លងដែនចូលមកវាយឆ្មក់យើងពី ក្រោយខ្នងនៅប្រាសាទតាក្របី។ នៅពេលដែលកងយោធពលខេមរៈភូមិន្ទយើងកំពុងតែធ្វើការយាម ល្បាតព្រំដែន គឺទាហានថៃឆ្លងចូលមកខាងក្រោយទីតាំងរបស់យើងពីក្រោយ។ គេវាយឆ្មក់យើងពី ក្រោយដោយថ្មើជើង។ ហើយទន្ទឹមវាក៏បាញ់ផ្លោងកាំភ្លើងធំមកលើទីតាំងរបស់យើងចម្ងាយជា២០ គីឡូម៉ែត្រមកក្នុងទឹកដីដ៏ជ្រៅលើប្រជាជនទៀតដូចជម្រាប់ជូនខាងលើ»។
មន្រ្តីអ្នកនាំពាក្យយោធាខ្មែរ ដដែលបញ្ជាក់ថា កងទ័ពថៃ បានប្រើអាវុធធន់ធ្ងន់ជាច្រើន បាញ់ផ្តក់ ចូលជ្រៅនៅក្នុងទឹកដីកម្ពុជា។ ដោយឡែកលោកឧត្តមសេនីយ៍ វីរៈជន សុខុថាធិផាក (Verachon Sukondhaptipak) អ្នកនាំពាក្យរងនៃក្រសួងការពាជាតិថៃ បានថ្លែងប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេ សំឡេងសហរដ្ឋអាមេរិកក្នុងទីក្រុងបាងកកថា កងទ័ពកម្ពុជា បានចូលក្នុងតំបន់ហាមឃាត់។ លោក វិរៈជនថ្លែងដូច្នេះថា៖
«យើងបានរកឃើញថា កម្ពុជាបានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់តំបន់ដែលមិនត្រូវទៅនោះ។ ហើយយើងបានបញ្ជូនកងទព័របស់យើងទៅប្រាប់ដំណឹងដើម្បីឲ្យពួកគេដកចេញពីតំបន់នោះ ប៉ុន្ដែពួក គេបានបើកការបាញ់ប្រហារមកលើកងទព័ថៃជាមុន»។
ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារ នៅតាមតំបន់ព្រំដែននៃប្រទេសដែលកំពុងមានជម្លោះនេះត្រូវ បានជម្លៀសចេញ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានហៅការប្រយុទ្ធ គ្នានេះ ថា គឺជាការឈ្លានពានពីសំណាក់កងទ័ពថៃ។
កម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នាចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨មក ម្ល៉េះបន្ទាប់ពីថៃជំទាស់មិនបានសម្រេចនៅក្នុងការដាក់ប្រាសាទព្រះវិហាររបស់ខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។
ការប្រយុទ្ធគ្នានៅតំបន់ប្រសាទព្រះវិហារ បានកើតឡើងយ៉ាងស្វិតស្វាញ កាលពីដើមខែកុម្ភៈឆ្នាំ ២០១១នេះ។ ភាគីកម្ពុជា បានស្នើឲ្យមានការដាក់ពង្រាយកងទ័ពអព្យាក្រឹត្យមួយនៅតំបន់ជម្លោះ ក៏ប៉ុន្តែ ថៃ មិនទាន់យល់ព្រមនៅឡើយ ។
លោកឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិមានប្រសាសន៍ថា កងទ័ពកម្ពុជា នៅតែបន្តត្រៀមប្រយុទ្ធនៅឡើយមកទល់ និងល្ងាចនេះ។
ជាមួយគ្នានេះដែរ លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា បានផ្ញើលិខិតមួយច្បាប់ទៅកាន់សហសេវិករបស់ខ្លួននៅឥណ្ឌូនេស៊ី ដើម្បីជាការជូនដំណឹងពីការវាយប្រហារគ្នា។
ឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នជាប្រធានប្តូរវេណនៃសមាគមអាស៊ាន ដែលមាន១០ប្រទេស។ នៅថ្ងៃដដែលនេះដែរ លោក ហោ ណាំហុង ក៏បានផ្ញើលិខិតមួយច្បាប់ផ្សេងទៀត ដើម្បីជូនដំណឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ។
រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាលេហ្កាវ៉ា (Marty Natalegawa) ក៏បានអំពាវនាវឲ្យភាគីជម្លោះឈប់ធ្វើការបាញ់គ្នាតទៅទៀតដែរ៕
0 Comments:
Post a Comment
<< Home