របបផ្តាច់ការហាណូយនៅភ្នំពេញ
អ្នកកាសែតខ្មែរនៅតែភ័យខ្លាចនិងរងការគាបសង្កត់
រូបថត៖ អង្គការ Freedom House
ចែកចាយអត្ថបទនេះ
បណ្តាញទាក់ទងគ្នា
«សង្គមយើងនៅតែជាសង្គមភ័យខ្លាច ប្រជាពលរដ្ឋនៅមានការភ័យខ្លាច ហើយអ្នកសារព័ត៌មានជាពិសេសហ្នឹងនៅមានការគំរាមកំហែងធ្វើការដោយ ភ័យខ្លាចច្រើន»។
ការភ័យខ្លាចនិងការរឹតត្បិតទាំងនោះត្រូវគេរាប់បញ្ចូលទាំងការគំរាមកំហែង ឥទ្ធិពល នៃការភ័យខ្លាចកាលពីប៉ុន្មានឆ្នាំចុងក្រោយដូចជាការប្រើប្រាស់តុលាការ ដើម្បីប្តឹងផ្តល់ ដាក់គុក កាត់ទោសអ្នកកាសែតមិនយកច្បាប់សារព័ត៌មានប្រើ ប្រាស់ ការបិទមិនឲ្យមានការមើលព័ត៌មានតាមប្រព័ន្ធអេឡិកត្រូនិកមួយចំនួនដែលរិះគន់រដ្ឋាភិបាល នឹងការចាប់ពិរុទ្ធដោយអ្នកសារព័ត៌មានខ្លួនឯងជាដើម។
លោក មឿន ឈានណារិទ្ធិ នាយកនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន (Cambodian Institute for Media Studies) បានថ្លែងថា៖ គំហុកខ្លាំងនៃការធ្វើទុកបុកម្នេញអ្នកសារព័ត៌មានតាំងពីឆ្នាំ២០០៥មកធ្វើឲ្យអ្នកសារព័ត៌មានមាន ការភ័យខ្លាច ហើយរក្សាភាពស្ងប់ស្ងាត់ដើម្បីជៀសវាងពីការធ្វើទុក្ខបុកម្នេញ និងផលវិបាកផ្ទាល់ខ្លួនផ្សេងៗ ដែលលោកសង្កត់ធ្ងន់ថាជារឿងមិនល្អ សម្រាប់ប្រទេស។
«វាអាចថាជាសញ្ញាល្អសម្រាប់អ្នកសារព័ត៌មានដែលគាត់មានការប្រយ័ត្នសម្រាប់ ខ្លួនឯងដើម្បីជៀសវាង(ការធ្វើទុក្ខបុកម្នេញ)។ ប៉ុន្តែវាមានផលអាក្រក់ សម្រាប់ រដ្ឋាភិបាលក៏ដូចជាសង្គមទាំងមូលដោយសារតែក្នុងសង្គមប្រជាធិបតេយ្យ យើងត្រូវការ សារព័ត៌មានមួយដែលមានការរិះគន់ខ្លាំងណាស់ចំពោះ សង្គមក៏ដូចជា រដ្ឋាភិបាលដើម្បីឲ្យដំណើរការប្រជាធិបតេយ្យដំណើរការទៅបានរលូនល្អ»។
លោក ណារិទ្ធិបានបន្ថែមទៀតថា៖
«នៅពេលដែលអ្នកសារព័ត៌មានគាត់មានការចាប់ពិរុទ្ធខ្លួនឯងដោយមិនហ៊ានធ្វើការផ្សព្វផ្សាយនូវព័ត៌មានដែលមានការរិះគន់ខ្លាំងទៅលើរដ្ឋាភិបាលឬក៏ព័ត៌មាន ដែលមានលក្ខណៈអវិជ្ជមានចំពោះសង្គមនោះ អាហ្នឹងវាធ្វើឲ្យដំណើរ ការនៃលទ្ធិប្រជាធិបតេយ្យ មិនត្រឹមតែវានៅហ្នឹងមួយកន្លែងទេវាអាច ដើរថយ ក្រោយទៅវិញ»។
អ្នកសារព័ត៌មានយ៉ាងតិច១២នាក់ត្រូវគេសម្លាប់ចាប់តាំងពីឆ្នាំ១៩៩៥ មកដល់ ឆ្នាំ២០០៨ តែគ្មានជនល្មើសណាម្នាក់ត្រូវគេនាំយកមកផ្តន្ទាទោសនោះទេ។ អ្នកសារព័ត៌មានខ្លះ ភៀសខ្លួនចេញទៅក្រៅប្រទេសនិងមួយចំនួនត្រូវគេចាប់ ដាក់គុក ក្រោមច្បាប់ ព្រហ្មទណ្ឌ ទាក់ទងនឹងបទបរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិតជាពិសេសអ្នកសារព័ត៌មានដែលមាន និន្នាការទៅរកគណបក្សជំទាស់។
លោក ប៉ោយ រើយ បណ្ណាធិការនៃកាសែតជាតិខ្មែរមាននិន្នាការទៅរកគណបក្ស សម រង្ស៊ីបានថ្លែងថា ការភ័យខ្លាចសម្រាប់អ្នកសារព័ត៌មានមានកំណើនខ្លាំងជាងមុន។
«រូបរាងខ្លាំងជាងមុនដោយសារតែយើងឃើញមន្ត្រីណាមួយពុករលួយហើយ ពីមុនយើងសរសេរបានតែលើកនេះបើយើងសរសេរទៅគេប្រើរូបភាពគំរាមកំហែង ជាប្រយោលឬក៏ទាក់ទងមកបំភ័យព័ត៌មានឲ្យយើងភ័យខ្លាចតាមរយៈអ្នកដែលគេស្គាល់យើងអញ្ចឹងតែម្តង ធ្វើឲ្យយើងមានការប្រុងប្រយ័ត្ន មានការភ័យខ្លាច សំខាន់វាធ្វើឲ្យយើងមានអារម្មណ៍មិនល្អក្នុងការសរសេររឿងហ្នឹងតែម្តង»។
លោក រឿយបានសរសើរការរីកចម្រើនផ្នែកសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាថាគ្រាន់បើជាងសម័យខ្មែរក្រហមហើយនឹងសម័យរដ្ឋកម្ពុជាដែលជារបបកុម្មុយនិស្ត។
លោករឿយដែលរអ៊ូរទាំថាពិបាករកសម្តីពីមន្ត្រីរដ្ឋាភិបាលមកបញ្ជាក់ឲ្យអត្តបទរបស់លោកមានតុល្យភាពគេចផុតពីការចាប់កំហុសក្រោយចេញផ្សាយនោះបានសង្កត់ធ្ងន់បន្ថែមទៀតថាសារព័ត៌មានប្រឆាំងដើរតួសំខាន់ណាស់សម្រាប់ យុត្តិធម៌ក្នុងសង្គម។
«បើគ្មានកាសែតប្រឆាំងទេ បងអើយ គេធ្វើបាបប្រជាពលរដ្ឋយើងតាមចិត្តហ្នឹង។ គេចង់ធ្វើអីគេមិនធ្វើតែអ្នកប្រឆាំងអីគេធ្វើបាបតែប្រជាពលរដ្ឋហ្នឹងជាងអ្នក ប្រឆាំងទៀត។ ហើយប្រជាពលរដ្ឋហ្នឹងមិនមែនសម្រាប់តែគាំទ្រតែអ្នកប្រឆាំង ទេ។ អ្នកគាំទ្រគណបក្សប្រជាជនដូចគ្នាហ្នឹងក៏គេធ្វើបាបដែរ។ មើលដូចបញ្ហា ទំនាស់ ដីធ្លីបឹងកក់បឹងអី អ្នករងគ្រោះដីធ្លីភាគច្រើនមើលឃើញកាន់តែរូបថត សម្តេច លោកហ៊ុន សែននឹងលោកស្រីប៊ុន រ៉ានី ហើយអ្នកខ្លះពាក់អាវគណបក្ស ប្រជាជន មួកគណបក្សប្រជាជនមកតវ៉ាហ្នឹង មិនដែលឃើញអ្នកពាក់អាវភ្លើង ទៀន មួកភ្លើងទៀន(គណបក្សសម រង្ស៊ី) មកតវ៉ារកយុត្តិធម៌ផងហ្នឹង»។
លោក ឱម ចាន់ដារ៉ា ប្រធានសមាគមមិត្តអ្នកសារព័ត៌មានខ្មែរ និងជាបណ្ណាធិការ កាសែតមាតុភូមិដែលមាននិន្នាការទៅរកគណបក្សគ្រប់គ្រងប្រទេសបាន អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០១១នេះ មានលក្ខណៈ ល្អ ប្រសើរជាង ប្រទេសជិតខាង។ លោក បានទទួលស្គាល់ថាអ្នកសារព័ត៌មាន កម្ពុជាមានការប្រុងប្រយ័ត្នជាងមុនក្នុងការសរសេរ ដែលលោកចាត់ទុកថាមិន មែនដោយសារ ភ័យខ្លាចទេគឺដោយសារអ្នកសារព័ត៌មានយល់ដឹងពីច្បាប់ ហើយនឹងក្រម សីលធម៌។
«អញ្ចឹងទេបើកាលណាយើងធ្វើអ្វីដែលខុសរំលោភច្បាប់យើងនឹងត្រូវទទួល។អញ្ចឹងទេយើងមានការប្រុងប្រយ័ត្ន សំខាន់ឲ្យតែយើងគោរពវិជ្ជាជីវៈ មានប្រភព
ផ្សព្វផ្សាយត្រឹមត្រូវ អាហ្នឹងយើងមិនមានបញ្ហាអីទេបាទ ដែលឃើញ តាមការខ្ញុំសង្កេត»។
ក្រៅពីយល់ស្របនឹងកំណើនវិជ្ជាជីវៈនឹងការយល់ដឹងផ្នែកច្បាប់ របស់អ្នកសារព័ត៌មាន។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមួយរូប និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកថាសារព័ត៌មានបច្ចុប្បន្នមានរបៀបរៀបរយ មានគុណភាពនិងតុល្យភាពល្អជាងមុន ដោយប្រែក្លាយពីការវាយប្រហារដែលនាំឲ្យខូចកេរ្តិ៍ឈ្មោះហើយច្បាប់ការពារនោះ មកត្រឹមការរិះគន់។ លោកច្រានចោលការចោទប្រកាន់ពីការរឹតត្បិតសេរីភាពសារព័ត៌មាន នឹងធ្វើទុក្ខបុកម្នេញផ្សេងៗ។
«ខ្ញុំអត់ទាន់ឃើញមានកន្លែងត្រង់ណាមួយដែលថាអ្នកសារព័ត៌មាន មានភាព សង្កត់សង្កិនមិនឲ្យនិយាយ គឺថាអ្នកសារព័ត៌មានសេរីភាពគ្រប់គ្រាន់ក្នុងការ និយាយ ក្នុងការទិទៀនអាហ្នឹងគឺមានគ្រប់គ្រាន់។មិនមានអ្នកណាមួយមាន ស្ថានភាព បន្ទុចបង្អាក់ មិនឲ្យអ្នកណាមិនហ៊ាននិយាយទិទៀនទៅ លើអ្នកណាទេ។ ហើយជាពិសេសឥឡូវនេះយើងឃើញថាអង្គភាពប្រឆាំងអំពើពុករលួយ ក៏លោក បានផ្តល់បង្អួចមួយក្នុងការប្តឹងឬផ្តល់ព័ត៌មានសម្ងាត់ណាមួយដែលពាក់ព័ន្ធនឹងបុគ្គលដែលប្រព្រឹត្តនឹងអំពើខុស»។
ទោះជាយ៉ាងណាក៏ដោយ លោក មឿន ឈានណារិទ្ធិ បានអះអាងថាបញ្ហាធំមួយរបស់អ្នកសារព័ត៌មានសព្វថ្ងៃគឺការមិនទាន់មានច្បាប់មួយទាក់ទងនឹងសិទ្ធិ ទទួលបានព័ត៌មានដែលគេដឹងថារដ្ឋាភិបាលមិនបានធ្វើ។ លោកចាត់ទុកថា ច្បាប់នោះអាចនឹងជួយឲ្យអ្នកសារព័ត៌មានកាន់តែមានវិជ្ជាជីវៈល្អហើយនឹងជួយឲ្យមានភស្តុតាងអាចការពារអត្ថបទរបស់ខ្លួនបានបើមានការប្តឹងផ្តល់។
«ដោយសារខ្វះច្បាប់ពីសិទ្ធិទទួលព័ត៌មានហ្នឹងដែលយើងមិនអាចរកភស្តុតាង ដែល រឹងមាំ ជាពិសេសភស្តុតាងទាក់ទងនឹងឯកសារ ជាពិសេសទាក់ទងនឹងការ ដេញថ្លៃផ្សេងៗហ្នឹង យើងអត់មានទេ។ អញ្ចឹងយើងពឹងផ្អែកទៅលើប្រភព។ ប្រភពភាគច្រើនជាប្រភពអនាមិក។ អញ្ចឹងសម្រាប់អត្ថបទព័ត៌មានស៊ើបអង្កេត អត្ថបទព័ត៌មានដែលមានការរិះគន់ខ្លាំងឬក៏ព័ត៌មានដែលចម្រូងចម្រាស់ហ្នឹង ប្រភពជាអនាមិក ជាប្រភពដែលងាយៗនឹងត្រូវគេវាយបកមកវិញ ងាយនឹងត្រូវ គេធ្វើការប្តឹងផ្តល់»។
លោក អ៊ូ វីរៈនាយកមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថាច្បាប់បរិហារកេរ្តិ៍ព្រហ្មទណ្ឌនិងការផ្សាយព័ត៌មានមិនពិតនៅតែជាប្រភពបញ្ហាដ៏ធំដដែលសម្រាប់ការគាបសង្កត់អ្នកសារព័ត៌មាន ក្រៅពីចាត់ទុកថាមានការភ័យខ្លាចក្នុងសង្គមនៅមានបន្ត។
«សង្គមយើងនៅតែជាសង្គមភ័យខ្លាច ប្រជាពលរដ្ឋនៅមានការភ័យខ្លាច ហើយអ្នកសារព័ត៌មានជាពិសេសហ្នឹងនៅមានការគំរាមកំហែងធ្វើការដោយភ័យខ្លាចច្រើន។ ដូច្នេះរឿងភ័យខ្លាចនេះធ្វើឲ្យអ្នកសារព័ត៌មានយើងមិនបានបំពេញតួនាទីដោយសមស្របទៅនឹងវិជ្ជាជីវៈហើយនេះក៏ជាប្រធានបទមួយសំខាន់សម្រាប់ឆ្នាំ២០១១»។
ទាំងលោក អ៊ូ វីរៈ និងលោក មឿន ឈានណារិទ្ធិ បានមើលឃើញពីសញ្ញាល្អ ខ្លះៗដែរចំពោះការគ្មានការសម្លាប់ក្រៅប្រព័ន្ធច្បាប់ចំពោះអ្នកកាសែតប៉ុន្មានឆ្នាំចុងក្រោយ។ ការរីកចម្រើនផ្នែកវិទ្យុ ក្រៅពីកត់សម្គាល់ឃើញពីកំណើននៃការ ទទួលព័ត៌មានតាមរយៈប្រព័ន្ធអេឡិកត្រូនិកអ៊ីនធើណេត (Internet) របស់ប្រជាពលរដ្ឋ ទោះបីជាមានការរាំងខ្ទប់គេហទំព័រមួយចំនួនដែលសរសេររិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេដឹងថាគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយស្ទើរតែទាំងអស់ក្នុងប្រទេសកម្ពុជា។ អង្គការឃ្លាំមើលសិទ្ធិមនុស្សនិងសារព័ត៌មានរបស់ស.រ.អមួយឈ្មោះ Freedom House កាលពីឆ្នាំ២០១០ បានចាត់ទុកកម្ពុជាចូលក្នុងចំណាត់ថ្នាក់មិនមានសេរីភាពសារព័ត៌មានដោយយោងទៅលើការធ្វើទុក្ខបុកម្នេញនិងការរឹតត្បិតផ្សេងៗទៀតចំពោះអ្នកសារព័ត៌មាន។ មន្ត្រីរដ្ឋាភិបាលបានបដិសេធចំពោះការចោទប្រកាន់ ហើយចាត់ទុកថាជាការនិយាយមួលបង្កាច់កម្ពុជា៕
0 Comments:
Post a Comment
<< Home